អំពី
Japan Heart Cambodia
បេសកកម្ម និងសាវតា
ចាប់តាំងពីអង្គការបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ជាមួយនឹងបេសកកម្ម "ដើម្បីផ្តល់ការថែទាំសុខភាពផ្នែកវេជ្ជសាស្រ្តទៅកាន់តំបន់ដាច់ស្រយាល" អង្គការបេះដូងជប៉ុន បានប្តេជ្ញាចិត្តក្នុងការបំពេញនូវចក្ខុវិស័យរបស់ខ្លួន ពោលគឺជួយលើកកម្ពស់ការយល់ដឹងក្នុងសង្គមដែលមនុស្សម្នាក់ៗមានសិទ្ធិទទួលបានការថែទាំសុខភាពស្មើគ្នា ដោយគ្មានការរើសអើង សញ្ជាតិ/តំបន់ ពូជសាសន៍ នយោបាយ សាសនា ឬកាលៈទេសៈណាដ៍ដោយ ហើយមនុស្សគ្រប់រូបមានសេចក្តីសោមន្សរីករាយចំពោះគុណតម្លៃនៃជីវិតរបស់ពួកគេនៅលើផែនដីនេះ។
តាមរយៈបទពិសោធន៍របស់យើងជាមួយអ្នកជំងឺ និងមនុស្សដែលពួកគេត្រូវបានផ្សារភ្ជាប់ជាមួយ យើងបានចាប់ផ្តើមគិតថា យើងប្រហែលជាត្រូវកំណត់ឡើងវិញនូវអត្ថន័យនៃ "ការថែទាំវេជ្ជសាស្រ្ត" ។ ការថែទាំវេជ្ជសាស្រ្តមិនមែនគ្រាន់តែជាការព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែជាអ្វីដែល "លើកកម្ពស់គុណភាពជីវិតរបស់មនុស្ស"។
យើងត្រូវកំណត់អត្តសញ្ញាណ និងតាមដានការផ្លាស់ប្តូរនៃតម្រូវការរបស់បុគ្គលម្នាក់ៗ។ ហើយយើងធ្វើសកម្មភាពទាំងនេះដោយសកម្ម និងមានភាពបត់បែន។ យើងសង្ឃឹមថានេះជាការចាប់ផ្តើមមួយនៅក្នុងសង្គមដែលមនុស្សគ្រប់គ្នាមានសិទ្ធិទទួលបានការថែទាំសុខភាពស្មើៗគ្នា ដោយមិនមានការរើសអើង សញ្ជាតិ/តំបន់ ពូជសាសន៍ នយោបាយ សាសនា ឬកាលៈទេសៈណាមួយ ហើយនិងយល់ពីតម្លៃនៃជីវិតរបស់ពួកគេ។
នេះគឺជាគម្រោងដែលកំពុងបន្តដែលបុគ្គលិកគ្រប់គ្នា ដោយរាប់ចាប់ពីអ្នករួមចំណែកជួរមុខរបស់យើងជាមួយនឹងវិជ្ជាជីវៈផ្សេងៗ ដល់អ្នកដែលគាំទ្រសកម្មភាពរបស់យើង កំពុងចូលរួម និងដោះស្រាយបញ្ហាប្រឈមក្នុងសង្គម។
នៅពេលដែល អង្គការបេះដូងជប៉ុន បានមកដល់ប្រទេសកម្ពុជាក្នុង ឆ្នាំ ២០០៨ ឥទ្ធិពលនៃរបប ប៉ុល ពត ដ៏អាក្រក់នោះនៅតែមានឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យសុខាភិបាលនៅកម្ពុជា។ វេជ្ជបណ្ឌិតស្ទើរតែទាំងអស់ត្រូវបានខ្មែរក្រហមសម្លាប់ មានតែ៤០នាក់ប៉ុណ្ណោះដែលនៅរស់រានមានជីវិត។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលបានប្រញាប់ប្រញាល់ចេញសញ្ញាបត្រវេជ្ជសាស្ត្រវេជ្ជបណ្ឌិតឱ្យបានច្រើនតាមតែអាចធ្វើទៅបាន នៅពេលនោះវិស័យវេជ្ជសាស្រប្រទេសកម្ពុជានៅមានកម្រិត ហើយអ្នកជំងឺមួយចំនួននៅតែបន្តមិនទុកចិត្តចំពោះការទទួលសេវាវេជ្ជសាស្ត្ររហូតមកដល់សព្វថ្ងៃនេះ។
យើងបានចាប់ផ្តើមដោយការជួលទីតាំងតូចមួយនៅក្នុងមន្ទីរពេទ្យជនបទ ហើយចាប់ផ្តើមដោយការផ្តល់សេវាវះកាត់ចំនួនពីរដងក្នុងមួយខែ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីសម្រេចបាននូវគោលដៅរបស់យើងក្នុងការសង្រ្គោះអ្នកជំងឺដែលមានស្ថានភាពសង្រ្គោះបន្ទាន់ និងការផ្តល់ការថែទាំកាន់តែប្រសើរឡើងសម្រាប់អ្នកជំងឺធម្មតារបស់យើង និងការអភិវឌ្ឍសម្ថភាពគ្រូពេទ្យក្នុងតំបន់ យើងបានសម្រេចចិត្តសាងសង់មន្ទីរពេទ្យផ្ទាល់ខ្លួនរបស់យើង។
ការព្យាបាលជំងឺមហារីកកុមារ
នៅប្រទេសកម្ពុជា ចំនួនអ្នកជំងឺមហារីកកុមារត្រូវបានគេគិតថាមានប្រហែល ៦០០ ករណីក្នុងមួយឆ្នាំ ដែលក្នុងនោះមានតែ ២០០ នាក់ប៉ុណ្ណោះដែលបានទទួលការព្យាបាល។ ជាលទ្ធផល អត្រារស់រានមានជីវិតនៃជំងឺមហារីកបែបនេះគឺតិចជាង ២០% ចំណែកឯនៅក្នុងប្រទេសអភិវឌ្ឍន៍វិញ អត្រារស់រានមានជីវិតលើសពី ៨០%។
ឧបសគ្គមួយក្នុងការព្យាបាលអ្នកជំងឺមហារីកកុមារ គឺគ្រួសាររបស់ពួកគេមិនអាចមានលទ្ធភាពចំណាយលើការថែទាំ។ ជាងនេះទៅទៀត ទោះបីជាពួកគេអាចទៅមន្ទីរពេទ្យបានក៏ដោយ ក៏ការព្យាបាលរបស់ពួកគេច្រើនតែគ្មានប្រសិទ្ធភាព ដោយសារកង្វះចំណេះដឹង ឬជំនាញទាក់ទងនឹងជំងឺមហារីកកុមារ។ ជាលទ្ធផល ការធ្វើរោគវិនិច្ឆ័យខុស ការពន្យារពេល និងការលំបាកទូទៅក្នុងការព្យាបាលគឺជារឿងដែលជួបប្រទះជាញឹកញប់។ ដោយមានការផ្តល់ការវះកាត់ និងការព្យាបាលដោយឥតគិតថ្លៃ រួមទាំងការផ្សព្វផ្សាយការយល់ដឹងអំពីជំងឺមហារីក និងការបណ្តុះបណ្តាលបុគ្គលិកពេទ្យក្នុងស្រុកដែលមានជំនាញ យើងសង្ឃឹមថាបញ្ហាខាងលើនឹងត្រូវបានដោះស្រាយឆាប់ៗ។
មុនពេល Japan Heart ចាប់ផ្តើមព្យាបាលជំងឺមហារីកកុមារ យើងសង្កេតឃើញថាគ្មានស្ថាប័នវេជ្ជសាស្ត្រណាដែលអាចព្យាបាលជំងឺមហារីកកុមារបានឡើយ លើកលែងតែជំងឺមហារីកឈាមប៉ុណ្ណោះ។ ចាប់តាំងពីឆ្នាំ២០១៨មក យើងបានពង្រីកបន្ទប់ថែទាំកុមារ ដើម្បីបន្ថែមកន្លែងសម្រាប់ព្យាបាលជំងឺមហារីកកុមារ ហើយជាពិសេស យើងទទួលអ្នកជំងឺដែលមានជំងឺមហារីក(Solid type of cancer)ផងដែរ។ ដើម្បីបង្កើនសមត្ថភាពរបស់យើងក្នុងការព្យាបាលជំងឺមហារីកកុមារ និងបណ្តុះបណ្តាលវេជ្ជបណ្ឌិតកម្ពុជាទៅថ្ងៃអនាគត យើងតែងតែអញ្ជើញក្រុមគ្រូពេទ្យវះកាត់កុមារដែលមានជំនាញខ្ពស់ និងអ្នកឯកទេសដទៃទៀតមកពីប្រទេសជប៉ុន។